សិក្ខាសាលាស្ដីពីលទ្ធផលនៃការស្ទង់មតិលើសមត្ថភាពតាក់តែងច្បាប់របស់អង្គភាពនីតិកម្ម របស់ក្រសួង-ស្ថាប័ន
សេចក្ដីប្រកាសព័ត៌មាន
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ នៅសណ្ឋាគារណាហ្គាវើលដ៍មានរៀបចំសិក្ខាសាលាស្ដីពី លទ្ធផល ការស្ទង់មតិជាមូលដ្ឋានលើសមត្ថភាពតាក់តែងច្បាប់របស់អង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុយ ម៉ុងលាង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសចំរុះកំណែទម្រង់ច្បាប់ និងតុលាការ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ និងកម្មវិធីសហប្រតិបត្ដិការអាឡឺម៉ង់ដ៍(GTZ)។ ការស្ទង់មតិជាមូលដ្ឋាន លើសមត្ថភាពតាក់តែងច្បាប់ របស់អង្គភាព នីតិកម្មនៃក្រសួង-ស្ថាប័ន មានគោលដៅស្វែងយល់លើបញ្ហាសំខាន់ៗ ចំនួន ៤ គឺ ៖ (១) ស្ថានភាពបច្ចុប្បន្នលើការ តាក់តែងច្បាប់ និងស្ថាប័នដែលពាក់ព័ន្ធក្នុងដំណើរការតាក់តែង ច្បាប់(ដូចជាក្របខណ្ឌច្បាប់ យន្ដការតាក់តែងច្បាប់ គោលការណ៍ណែនាំទាក់ទងនឹងការតាក់តែងច្បាប់ និង ធនធាននៃការតាក់តែងច្បាប់ជាដើម) (២) តម្រូវការដើម្បី បំពេញសមត្ថភាព នៃការតាក់តែងច្បាប់របស់ អង្គភាពនីតិកម្ម (៣) ការផ្គត់ផ្គង់ដើម្បីបំពេញសមត្ថភាព នៃការ តាក់តែងច្បាប់ របស់អង្គភាពនីតិកម្ម និង (៤) វិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព នៃការតាក់តែងច្បាប់ របស់អង្គភាពនីតិកម្ម។
សិក្ខាសាលាមានគោលបំណងបង្ហាញជូននូវលទ្ធផល នៃការស្ទង់មតិជាមូលដ្ឋានលើ សមត្ថភាពតាក់តែង ច្បាប់របស់អង្គភាពនីតិកម្មនៃក្រសួង-ស្ថាប័ន និងប្រមូលអនុសាសន៍បន្ថែមពីសិក្ខាកាម ដែល អញ្ជើញមកពីបណ្ដា ក្រសួង-ស្ថាប័ននានា និងដៃគូអភិវឌ្ឍទាំងអស់ដើម្បីយកមកពិចារណា និងធ្វើការបញ្ចូល ទៅក្នុងរបាយការណ៍បញ្ចប់ នៃការស្ទង់មតិនេះ។ របាយការណ៍នេះ ជាមូលដ្ឋានជាមូលដ្ឋាន សម្រាប់ការរៀបចំនូវ ផែនការយុទ្ធសាស្ដ្រពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពតាក់តែងច្បាប់របស់អង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ន នៅពេលអនាគត។
លទ្ធផលនៃការស្ទង់មតិបឋម បានរកឃើញនូវបញ្ហាប្រឈមមួយចំនួនទាក់ទង នឹងសមត្ថភាពនៃការតាក់តែងច្បាប់របស់អង្គភាព នីតិកម្មរបស់ក្រសួង-ស្ថាប័នដូចជាការខ្វះខាតសេចក្ដីណែនាំ នីតិវិធីនិងវិធីសាស្ដ្រតាក់តែង ច្បាប់ ការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្ស ថវិកា ផែនការតាក់តែងច្បាប់ និងរចនាសម្ព័ន្ធអង្គភាព នីតិកម្ម។ អនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់បង្កើនសមត្ថភាពនៃការតាក់តែងច្បាប់ របស់អង្គភាពនីតិកម្មនៅ តាមក្រសួង-ស្ថាប័ននីមួយៗសម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិភាក្សាមានដូចតទៅ ៖
១-គប្បីមានសេចក្ដីណែនាំមួយអំពីវិធីសាស្ដ្រ និងនីតិវិធីនៃការតាក់តែងច្បាប់
២-គប្បីមានផែនការសកម្មភាពជាក់លាក់មួយអំពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស ពាក់ព័ន្ធនឹងផ្នែក តាក់តែងច្បាប់។
៣-គប្បីមានផែនការ និងគម្រោងថវិកាឯកភាពគ្នាមួយសម្រាប់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែល រៀបចំឡើងឱ្យស្រប ជាមួយនឹងយុទ្ធសាស្ដ្រ របស់ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ និងកម្មវិធីជាតិពាក់ពន្ធ័ផ្សេងៗទៀត។
៤-គួរតែមានរចនាសម្ព័ន្ធឯកភាពគ្នាមួយ សម្រាប់អង្គភាពនីតិកម្មនៅតាមក្រសួង-ស្ថាប័ននីមួយៗ។
របាយការណ៍បញ្ចប់ស្ដីពីការស្ទង់មតិជាមូលដ្ឋានលើសមត្ថភាពតាក់តែងច្បាប់ របស់អង្គភាពនីតិកម្មនៃ ក្រសួង-ស្ថាប័ន នឹងត្រូវរៀបចំឡើងនៅក្រោយសិក្ខាសាលានេះ ហើយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែ ទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ និងកម្មវិធីសហប្រតិបត្ដិការអាឡឺម៉ង់ដ៍(អទឍ) នឹងធ្វើការចែកផ្សាយរបាយការណ៍ បញ្ចប់នោះ ជាសាធារណៈជូនក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព ជាបន្ដលើ ការការពង្រឹងសមត្ថភាព នៃអង្គភាពនីតិកម្មរបស់ក្រសួង-ស្ថាប័ននីមួយៗ។